បង្គង
ឱបង្គងអើយ ចាំម្ចាស់ឆ្លងឆ្លើយ សាសងវាចា
ព្រោះធ្លាប់បានស្តាប់ ម្ចាស់ថ្លែងទុក្ខា ធ្លាប់រងនេត្រា
កណ្តាលយប់យន់។
ពេលម្ចាស់ស្រស់ស្រាយ ច្រៀងរាំសប្បាយ អង្រួនអង្រន់
បង្គងត្រេកអរ ទោះក្រោមទំងន់ រាល់ពេលផ្គាប់ផ្គន់
អោយម្ចាស់រីករាយ។
ពេលរាត្រីស្ងាត់ ខ្យល់ត្រជាក់ផាត់ បក់ស្លឹករ៉ាយៗ
សូរបំពេរម្ចាស់ អោយលង់លក់កាយ ព្រឹកម្ចាស់ចាកឆ្ងាយ
បង្គងចាំផ្លូវ។
ពេលម្ចាស់ធញ់ទ្រាន់ ម្ចាស់លែងរួសរាន់ ត្រឡប់មកនៅ
ម្ចាស់ផ្លាស់ទ្រនុំ ផ្លាស់ទាល់អស់ផ្លូវ នឹកទីធ្លាប់នៅ
ទើបរកបង្គង។
បង្គងទទួល រំជើបរំជួល អរពេកកន្លង
នៅម្នាក់ឯងយូរ ណានឹកម្ចាស់ផង ជួបគ្រានេះម្តង
ម្ចាស់នៅយូរទេ?